សហគន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក បានបើកវគ្គហ្វឹកហ្វឺនបន្ថែមដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ខេត្តសៀមរាប ស្តីអំពីការផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ
August 21, 2024សៀមរាប: សហគន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ស.គ.ប.ក បានបើកវគ្គហ្វឹកហ្វឺនបន្ថែមដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ខេត្តសៀមរាប ស្តីអំពីការផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ដែលសមាជិក សមាជិកា ចូលរួមសិក្សាចំនួន៣០០នាក់ ។ វគ្គហ្វឹកហ្វឺនបន្ថែមដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជានេះឯកឧត្តម ប្រធាន ស.គ.ប.ក បានលើកឡើងចំពោះមុខក្នុងវគ្គហ្វឹកហ្វឺនថា÷
ក្នុងនាមជាថ្នាក់ដឹកនាំ ស.គ.ប.ក ព្រមទាំងសមាជិក សមាជិកា នៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេ ស្តង់កម្ពុជា ស.គ.ប.ក ក្រុង/ស្រុក ក្នុងខេត្តសៀមរាប ត្រូវគំាទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដែលពន្យល់បន្ថែមទៅលើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាគម្រោងអភិវឌ្ឍន៍រួម ឬចូលហ៊ុននោះទេ។ យើងខ្ញុំប្រកាសបញ្ជាក់ពីគោលជំហរ និងការប្តេជ្ញាដូចខាងក្រោម៖
១.គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍នេះ ដែលបាននាំមកនូវការរីកចម្រើនជាច្រើន រួមចំណែកពង្រឹង សេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាព និងបានលើកកម្ពស់ជីវភាពប្រជាជនដែលរស់នៅខេត្ត ទាំងបួនមិនដូចការញុះញ៉ង់អុចអាលរបស់ក្រុមអគតិមួយចំនួន ដែលមានចេតនាបង្កវឹកវរ ជាឈ្នាន់ឈានទៅរកបដិវត្តន៍ពណ៌ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងជ្រោះ នៃសង្គ្រាមស៊ីវិលសាជាថ្មី។
២.ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុលនិយម មួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពង់ធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុល ញុះញ៉ង់ឱ្យប្រជាពលរដ្ឋ និងកងកំលាំងប្រដាប់អាវុធ ប៉ះបោប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
៣.ចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ង់បង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជាដែលស្ថិតក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ យើងខ្ញុំសូមប្រកាសជាឪឡារឹកគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី និងការឯកភាពជាតិទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងនាមសាមាជិក សមាជិកា សូមគាំទ្ររាល់វិធានការច្បាប់យ៉ាងតឹងរឹងបំផុតចំពោះទង្វើ (ក្រុមឧទ្ទាមក្រៅច្បាប់) ដែលប៉ុនប៉ងអូសទាញប្រទេស អោយធ្លាក់ក្នុងសភាពវិកវរ អំពើហឹង្សា ការបង្ហូរឈាម និងភ្នក់ភ្លើង សង្គ្រាមស៊ីវិលសាជាថ្មី៕
ជាចុងក្រោយសូមអរគុណព្រះយេស៊ូវគ្រីស្ទ និងលោកគ្រូគង្វាល តាំង វេកហួង ដែលបានលះបងយ៉ាងយកចិត្តទុកដាក់ក្នុងបង្រៀនដល់សមាជិក សមាជីកា របស់សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា។
សូមព្រះប្រទានពរ!
អរគុណសន្តិភាព!